Connect with us

PR NEWS

ការប្រកួតពានរង្វាន់ “គ្រុឌ ខេមបូឌាន ស៊ូបភើខាប់ ឆ្នាំ២០២៣” បំបែកកំណត់ ត្រាការប្រកួតបាល់ទាត់ក្នុងលីគមានអ្នកទស្សនាច្រើនជាងគេមិនធ្លាប់មាន

ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ “គ្រុឌ ខេមបូឌាន ស៊ូបភើខាប់ ឆ្នាំ២០២៣” រវាងក្រុមភ្នំពេញក្រោន និងវិសាខា កាលពីល្ងាចថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣

ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ “គ្រុឌ ខេមបូឌាន ស៊ូបភើខាប់ ឆ្នាំ២០២៣” រវាងក្រុមភ្នំពេញក្រោន និងវិសាខា កាលពីល្ងាចថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅបានបញ្ចប់ទៅដោយជោគជ័យ និងអធិកអធមក្រោម​វត្តមាន​​របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដែលជាម្ចាស់ឧបត្ថម្ភធំនៃការប្រកួត និងក្រុមហ៊ុនដៃគូសហការផ្សេងទៀត ព្រមទាំង​ទស្សនិកជន​ចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិករហូតដល់ ១៣,០១៦ នាក់ និងអ្នកទស្សនាការផ្សាយ​បន្តផ្ទាល់​រហូតដល់ជាង៦ម៉ឺននាក់។

នេះគឺជាកំណត់ត្រាថ្មីនៃចំនួនចូលទស្សនាបាល់ទាត់ក្នុងលីគដ៏ច្រើនបំផុតមិនធ្លាប់មាននៅកម្ពុជា ដែលនេះបង្ហាញពីភាពរីក​ចម្រើន​នៃ​វិស័យកីឡាក្នុងស្រុក និងការចូលរួមរៀបចំពីក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដែលមានលក្ខណៈសម្បូរបែប ទាក់​ទាញ​ឲ្យអ្នកចូលរួម ដែលក្នុងនោះមានដូចជាឈុតឆាកសម្តែងពិសេសពីកញ្ញារ៉ាប៊ី និងកីឡាករបាល់ទាត់ Nick Taylor ក្នុងវគ្គពាក់កណ្តាលការប្រកួត និងពូឃ្លាំង លោកណាន វីសារ និងលោកប៉ប់ (BOB) នៅវគ្គបញ្ចប់ការប្រកួត ក៏ដូចជាការ​រៀប​ចំទីតាំង Fan Zone ដែលមានការប្រគំតន្រ្តីពីម៉ាកសញ្ញាគ្រុឌ ស្តង់ម្ហូបអាហារចម្រុះ ស្តង់ហ្គេមកម្សាន្ត និងស្តង់​តាំង​បង្ហាញ​ឯកសណ្ឋានរបស់ក្លិបនិមួយៗផងដែរ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានមានប្រសាសន៍ថា « ក្នុងនាមជាម្ចាស់ឧបត្ថម្ភធំនៃ​កម្មវិធី និងជំនួសមុខឲ្យខេមបូឌានព្រីមៀរលីគ យើងសូមអរគុណអ្នកគាំទ្រទាំងអស់គ្នាដែលបានចូលរួមទស្សនា និង​ចូលរួមលើកទឹកចិត្តកីឡាករ និងកីឡាបាល់ទាត់កម្ពុជាយើង។ នេះជាភាពប្រសើរ និងជឿជាក់លើវិស័យកីឡា ស្របតាម​ចក្ខុវិស័យរបស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ជាក្រុមហ៊ុនរបស់ខ្មែរ មានឆន្ទៈលើកមុខមាត់ប្រទេសកម្ពុជា ដែលចក្ខុវិស័យ​នេះ​ផងដែរ ស្របទៅនឹងគោលដៅរបស់ខេមបូឌានព្រីមៀរលីគ ក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការអភិវឌ្ឍ និងលើកកម្ពស់គុណភាពវិស័យកីឡាបាល់ទាត់នៅកម្ពុជាឲ្យកាន់តែរីកចម្រើនទៅមុខលើឆាកអន្តរជាតិ និងជំរុញឲ្យប្រជា​ជន​កម្ពុជាចូលរួមគាំទ្រ និងលេងកីឡាឲ្យកាន់តែច្រើន។ ដើម្បីឲ្យក្រុមជម្រើសជាតិរបស់យើងកាន់តែរឹងមាំ និងធ្វើបាន​កាន់​តែល្អ ពិតណាស់យើងត្រូវតែមានលីគបាល់ទាត់ដ៏រឹងមាំសម្រាប់ហ្វឹកហ្វឺន និងអភិវឌ្ឍកីឡាករបាល់ទាត់ប្រកបដោយ​គុណភាព ហើយយើងនឹងធ្វើដំណើររួមគ្នា ដើម្បីគាំទ្រកីឡាបាល់ទាត់នៅកម្ពុជា។ ចូលរួមអបអរសាទរដល់ក្លិបភ្នំពេញ​ក្រោន ដែលក្លាយជាម្ចាស់ជើកឯកពានរង្វាន់ “គ្រុឌ ខេមបូឌាន ស៊ូបភើខាប់ ឆ្នាំ ២០២៣”។

លើសពីការចូលរួមចំណែកសហការឧបត្ថម្ភជាមួយខេមបូឌានព្រីមៀរលីគ ក្នុងការប្រកួតដណ្តើមពានរង្វាន់ក្នុងលីគ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ក៏បានធ្វើការឧបត្ថម្ភទៅតាមក្លិបបាល់ទាត់ផ្សេងៗដូចជាក្លិបបាល់ទាត់ព្រៃវែង ក្លិបបាល់ទាត់គិរី​វង្ស​សុខសែនជ័យ ហើយកាន់តែពិសេសនោះ គឺវឌ្ឍនៈ ប៊្រូវើរី ក៏គឺជាដៃគូឧបត្ថម្ភធំផ្លូវការដល់សហព័ន្ធកីឡាបាល់ទាត់​កម្ពុជាផងដែរ។ ការចូលរួមឧបត្ថម្ភទាំងផលិតផល និងថវិកា ទាំងក្នុងក្លិប ទាំងនៅក្នុងលីគ ទាំងក្នុងសហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា គឺពិតជាធំធេងណាស់សម្រាប់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដោយយើងជឿជាក់ថា ការចូលរួមចំណែកនេះ នឹង​អាចជួយលើកស្ទួយគុណភាពវិស័យកីឡានៅកម្ពុជាឲ្យកាន់តែរីកចម្រើននៅលើឆាកអន្តរជាតិ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia