Connect with us

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើរតួនាទីជាកងទ័ពការទូត

សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ គប្បីណាដើរតួនាទីជាកងទ័ពការទូត រក្សាសន្តិភាព ស្ថេរភាព បង្កើនជំនឿទុកចិត្តឲ្យប្រជាជនរស់នៅតាមព្រំដែនក្នុងការប្រកបរបររកទទួលទាន ជំរុញការអភិវឌ្ឍនៅតាមព្រំដែន និង ប្រែក្លាយព្រំដែននៃប្រទេសទាំងពីរ ឲ្យទៅជាតំបន់ដែលមានសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។

សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ថៃ គប្បីណាដើរតួនាទីជាកងទ័ពការទូត រក្សាសន្តិភាព ស្ថេរភាព បង្កើនជំនឿទុកចិត្តឲ្យប្រជាជនរស់នៅតាមព្រំដែនក្នុងការប្រកបរបររកទទួលទាន ជំរុញការអភិវឌ្ឍនៅតាមព្រំដែន និង ប្រែក្លាយព្រំដែននៃប្រទេសទាំងពីរ ឲ្យទៅជាតំបន់ដែលមានសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។

សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើបែបនេះនៅក្នុងឱកាសអនុញ្ញាតឲ្យលោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា (Narongpan Jittkaewtae)មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពនាល្ងាចថ្ងៃទី ខែ កុម្ភៈនេះ។

លោក​ អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា លោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា បានជម្រាបជូនសម្ដេចតេជោថា លោកពិតជាមានកិត្តិយសណាស់ដែលបានព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រគល់គ្រឿងឥស្សរិយយសសហមេត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់រូបលោក។ លោកមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានជម្រាបជូនសម្ដេចតេជោថា នេះជាដំណើរទស្សនកិច្ចចេញក្រៅប្រទេសលើកទីមួយ ហើយប្រទេសកម្ពុជា គឺជាប្រទេសទី១ ដែលលោកបានជ្រើសរើសសម្រាប់ដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេស ។

ក្នុងនាមលោក ជាមេបញ្ជាការកងទ័ពជើងគោករបស់ព្រះរាជាណាចក្រថៃ លោកសូមគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ជូនចំពោះប្រជាជនកម្ពុជាដែលប្រទេសកម្ពុជាបានទទួលធ្វើជាប្រធានអាស៊ាន។ លោក ក៏បានសម្តែងនូវការគាំទ្រនូវដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ាកន្លងទៅ ហើយលោកមានជំនឿថា សម្ដេចតេជោ នឹងនាំមកនូវសាមគ្គីភាព និងវឌ្ឍនភាពសម្រាប់អាស៊ាននៅពេលខាងមុខ។

លោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា បានមានប្រសាសន៍បន្តថា កងទ័ពកម្ពុជា និងកងទ័ពថៃមានទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយៗក្នុងនាមលោកជាមេបញ្ជាការកងទ័ពជើងគោកលោក នឹងបន្តទំនាក់ទំនងល្អនេះថែមទាំងនឹងជំរុញកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ប្រយុទ្ធប្រឆាំងគ្រឿងញៀន ការជួញដូរមនុស្ស ការកាប់ឈើខុសច្បាប់ និងអំពើខុសច្បាប់ដទៃទៀត។ ជាមួយគ្នានេះ លោកក៏បានគោរពប្ដេជ្ញាជូនចំពោះសម្ដេចតេជោថា លោកត្រៀមខ្លួនជាស្រេចធ្វើយ៉ាងណាសហប្រតិបត្តិការជាមួយកងទ័ពកម្ពុជា ដើម្បីថែរក្សាសន្តិភាព ស្ថេរភាព និងសុវត្ថិភាពសម្រាប់ប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចតេជោ បានសាទរចំពោះនាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា ​ដែលបានតែង​តាំងជាអគ្គមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ ហើយក៏បានថ្លែងអំណរគុណជូនចំពោះនាយឧត្តមសេនីយ៍ ដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ានផង និងគាំទ្រដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីស្វែងរកដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ាផង។ សម្តេចតេជោ ក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយសម្ដេចសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅឡើង ជាពិសេស គឺមានជំនឿទុកចិត្តរវាងគ្នាទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរ។ជំនឿទុកចិត្តនេះ មានការកើនឡើងជាលំដាប់ ហើយដោយឈរលើទំនាក់ទំនងដ៏ល្អនេះ សម្ដេចតេជោ ក៏បានបន្ថែមថា កងទ័ពគប្បីណាដើរតួនាទីជាកងទ័ពការទូតរក្សាសន្តិភាពស្ថេរភាពបង្កើនជំនឿទុកចិត្តឲ្យប្រជាជននៅតាមព្រំដែនមានជំនឿចិត្តប្រកបរបរអាជីវកម្មជំរុញការអភិវឌ្ឍនៅតាមព្រំដែនប្រែក្លាយព្រំដែនឲ្យទៅជាតំបន់ដែលមានសន្តិភាពមិត្តភាពនិងការអភិវឌ្ឍ។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃដែលកន្លងមក បានជួយដល់ពលករកម្ពុជាដែលកំពុងរស់នៅនៅក្នុងប្រទេសថៃ ហើយក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនថៃដែលបានជួយដល់ប្រជាជនកម្ពុជាក្នុងគ្រាដែលប្រជាជនកម្ពុជាមានជំងឺដោយបានអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនអាចចូលទៅព្យាបាលក្នុងទឹកដីថៃ ៕

អត្ថបទពី៖ KPT

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia