Connect with us

ព័ត៌មាន

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ជីកយករ៉ែមាស​បានជិត ៨០០គីឡូក្រាម​ហើយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ប៉ុន្មានខែដែលកម្ពុជា ចាប់ផ្តើមជីកយករ៉ែមាស រហូតមកដល់ពេលនេះ ទទួលបានជិត ៨០០គីឡូក្រាមហើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ប៉ុន្មានខែដែលកម្ពុជា ចាប់ផ្តើមជីកយករ៉ែមាស រហូតមកដល់ពេលនេះ ទទួលបានជិត ៨០០គីឡូក្រាមហើយ។ សម្តេចតេជោថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២១។

សូមរំលឹកថា ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) របស់អូស្រ្តាលី បានបង្កើតរោងចក្រចម្រាញ់មាសលើកដំបូងនៅកម្ពុជា កាលពីថ្ងៃ ២១ ខែមិថុនា ឆ្នាំ ២០២១ ដោយគិតរហូតដល់ដើមខែ វិច្ឆិកានេះ ចម្រាញ់រ៉ែមាសបានជិត ៨០០គីឡូក្រាមហើយ។ ក្រុម​ហ៊ុន​នេះ ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខ្នាត​អន្តរជាតិ ដោយ​ផលិត​ចេញ​ជាមាស​ដុំ​ពាក់​កណ្តាល​សម្រេច​​៩០% ​ហើយ​ក្រុម​ហ៊ុន​អះអាងថា ​អាច​ផលិត​មាស​សុទ្ធបាន​ ៣តោន​ ក្នុង​មួយឆ្នាំ ​សម្រាប់​រយៈ​​ពេល​៨​ឆ្នាំ​ដំបូង។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក អគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល​ បានឲ្យដឹងថា ក្រសួងបានផ្តល់អាជ្ញាធរប័ណ្ណឧស្សាហកម្ម អាជីវកម្មរ៉ែមាសដល់ក្រុមហ៊ុនចំនួន ៧ និងក្រុមហ៊ុនចំនួន ២៦ ទៀត បានទទួលអាជ្ញាប័ណ្ណស្វែងរុករករ៉ែលោហៈ (ក្រុមហ៊ុនស្ថិតនៅក្នុងដំណាក់កាលវាយ​តម្លៃសក្តានុពលនៅឡើយ ពុំអាចវាយតម្លៃថាសិក្សាស្រាវជ្រាវរ៉ែមាស ឬលោហៈផ្សេងៗនៅឡើយទេ)។

អគ្គនាយក អគ្គនាយកដ្ឋានធនធានរ៉ែ បានឱ្យដឹងទៀតថា ទីតាំងការដ្ឋានអាជីវកម្មរ៉ែមាសស្ថិតនៅខេត្តក្រចេះ ០១ទីតាំង, ខេត្តព្រះវិហារ ០២ទីតាំង, ខេត្តមណ្ឌលគីរី ០២ទីតាំង, ខេត្តរតនគីរី ០១ទីតាំង និងខេត្តបាត់ដំបង ០១ទីតាំង។
ប្រមុខ​រដ្ឋាភិបាល​រំពឹងថា ​កម្ពុជា នឹង​ទទួល​បានផល​ប្រយោជន៍​ជាចំណូល​ដុល​ជាមធ្យម ១៨៥​លាន​ដុល្លារ​ ក្នុង​មួយឆ្នាំ ដែល​​ក្នុង​នោះ​ចំណូល​ថវិកា​ជាតិ ​ពី​សួយសារ និង​សារពើពន្ធ​ផ្សេង​ៗ​ប្រមាណ​៤០​លាន​ដុល្លារ​ក្នុងមួយឆ្នាំ៕

អត្ថបទពី៖ កម្ពុជាថ្មី


អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia