Connect with us

កីឡា

ក្តីសង្ឃឹមគ្រូ Felix! ការប៉ះម៉ាកាវយប់នេះធ្វើឲ្យអ្នកគាំទ្រមានមោទនភាព

លោក Félix Dalmás គ្រូ​បង្វឹក​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​សង្ឃឹម​ទទួល​បាន​លទ្ធផល​​ល្អ​ក្នុង​ការ​ប្រកួត​ជា​មួយ​ម៉ាកាវ

លោក Félix Dalmás គ្រូ​បង្វឹក​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​សង្ឃឹម​ទទួល​បាន​លទ្ធផល​​ល្អ​ក្នុង​ការ​ប្រកួត​ជា​មួយ​ម៉ាកាវ​វេលា​ម៉ោង​៧​យប់​នេះ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ FIFA Days ថ្ងៃ​ចន្ទ ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ក្នុង​សន្និសីទ​សារព័ត៌មាន លោក Félix សង្ឃឹម​ទទួល​បាន​លទ្ធផល​​គាប់​ប្រសើរ និង​ចង់​ឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព​ចំពោះ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា។ លោក​អាច​នឹង​ធ្វើ​ការ​ផ្លាស់​ប្តូរ​កីឡាករ​មួយ​ចំនួន​សម្រាប់​ទម្រង់​លេង​ជា​មួយ​ម៉ាកាវ​យប់​នេះ។

ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​លោក​បាន​ចូល​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​២​ប្រកួត​ ប៉ុន្តែ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​ឡើយ​ ក្នុង​នោះ​ប្រកួត​មិត្តភាព​លើក​ទី១​ចាញ់ បង់ក្លាដែស ១-០ និង ប្រកួត​លើក​ទី​២ ស្មើ ហុងកុង ១-១។

អ្នក​គាំទ្រ​មួយ​ចំនួន​ប្រហែល​ជា​មិន​យល់​ថា​ ហេតុ​អ្វី​បាន​ជា​លោក Félix ដាក់​កីឡាករ​ខ្លះ​ឲ្យ​លេង​ទល់​នឹង​ហុងកុង ប៉ុន្តែ​ជា​កីឡាករ​​ទាំង​នោះមិន​សូវ​បាន​លេង​ឲ្យក្លិប​ញឹក​ញាប់​ទេ។ ពាក់​ព័ន្ធ​នឹង​ចំណុច​នេះ លោក​បានលើក​ឡើង​ថា ពិត​ណាស់ កីឡាករ​ខ្លះ​មិន​​បាន​លេង​ញឹក​ញាប់​នៅ​ក្លិប​​ក្នុង​លីគ​កំពូល​កម្ពុជា​បែរ​ជា​បាន​លេង​ឲ្យ​ជម្រើស​ជាតិ ខណៈ​កីឡាករ​ខ្លះ​បាន​លេង​នៅ​ក្លិប​ញឹក​ញាប់ ប៉ុន្តែ​លោក​មិន​ដាក់​ឲ្យ​លេង។

លោក​បាន​ពន្យល់​ថា ៖«ខ្ញុំ​ដាក់​កីឡាករ​ឲ្យ​លេង​គឺ​មិន​មែន​អាស្រ័យ​​ទាំង​ស្រុង​លើ​កីឡាករ​បាន​លេង​ញឹក​ញាប់ ឬ​មិន​បាន​លេង​ញឹក​ញាប់​ទេ តែ​ខ្ញុំ​ដាក់​កីឡាករ​ដែល​ស័ក្តិម​នឹង​​ទម្រង់​ដែល​ខ្ញុំ​រៀបចំ​នៅ​ជម្រើស​ជាតិ»។

ពេល​ជួបហុងកុង លោក Félix បាន​ដាក់​កីឡាករ​ថ្មី​ឲ្យ​លេង​មាន​ដូច​ជា ខ្សែ​ប្រយុទ្ធ ឃាន់ សុប៉ិន ខ្សែ​បម្រើ វ៉ាន់ តៃឡាម៉ី អ្នក​ចាំទី ហ៊ុល គឹមហ៊ុយ និង ខ្សែការពារ ឈង់ ប៊ុនណាត ដែល​មិន​សូវ​បាន​លេង​ឲ្យ​ក្លិប​ទេ​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា។ ផ្ទុយ​ទៅ​វិញ កីឡាករ​មួយ​ចំនួន​ដែល​បង្ហាញ​ខ្លួន​ឲ្យ​ក្លិប​ញឹក​ញាប់​បែរ​ជា​មិន​បាន​លេង។

កម្ពុជា​អាច​នឹង​ទទួល​បាន​ល្អ​ ពី​ព្រោះ​កម្រិត​គុណភាព​របស់​ម៉ាកាវ​អាច​ទាប​ជាង​កម្ពុជា។ ជួប​គ្នា​៦​លើក​កន្លង​មក កម្ពុជា​ឈ្នះ​៤ ស្មើ១ និង​ចាញ់​១៕

អត្ថបទពី៖ KPT

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia