Connect with us

Boxing Bayontv

យប់នេះ! នៅសង្វៀនបាយ័ន តើនរណាជាម្ចាស់រយន្តថ្មីសន្លាង?

ជើងខ្លាំងគុន​ខ្មែរ៤​រូប​ក្នុង​ទម្ងន់​៦៥​គីឡូក្រាមត្រូវ​ប្រជែង​គ្នា​ដើម្បី​រង្វាន់​រថយន្ត​ថ្មី​សន្លាង១​គ្រឿង​ពី​ភេសជ្ជៈ​ប៊ូសស្ត្រង ដែល​ចាប់ប្រកួត​វេលា​ម៉ោង​៧​យប់

ជើងខ្លាំងគុន​ខ្មែរ ៤​រូប​ក្នុង​ទម្ងន់​ ៦៥​គីឡូក្រាមត្រូវ​ប្រជែង​គ្នា​ដើម្បី​រង្វាន់​រថយន្ត​ថ្មី​សន្លាង១​គ្រឿង​ពី​ភេសជ្ជៈ​ប៊ូសស្ត្រង ដែល​ចាប់ប្រកួត​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅដីឡូត៍ស្ងួនពេជ្រ ខណ្ឌ​កំពូល រាជ​ធានី​ភ្នំពេញ​ ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ BTV Cambodia។

កីឡាករឈានមុខ​ទាំង​៤​រូប​គឺ ផល សោភ័ណ្ឌ, យ៉េន ឌីណា, លន បញ្ញា និង មឿន សុខហ៊ុច ដែល​ត្រូវ​ប្រកួត​ឆ្ពោះ​ទៅ​រក​រង្វាន់​រថយន្ត។ ជា​មួយ​គ្នា​នេះ ជើង​ខ្លាំង​កំពុង​ជោគជ័យ​ខ្លាំង ធឿន ធារ៉ា, ព្រំ សំណាង និង ពេជ្រ សម្បត្តិ ​ត្រូវ​ប្រកួត​គូ​មិត្តភាព​អន្តរជាតិ ព្រម​ទាំង​​មាន​ការ​ប្រកួត​គុន​ខ្មែរ​ថ្នាក់ដណ្តើម​ប្រាក់​លាន​ថែម​ទៀត។

ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ធ្នូ លោក គង់ វិសាល តំណាង​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​បាន​ឲ្យ​ដឹង​ថា នេះ​ជា​ព្រឹត្តិការណ៍​ប្រកួត​ធំ​​ដែល​រួម​ចំណែកលើក​ស្ទួយ​វិស័យ​កីឡា​គុន​ខ្មែរ​ឲ្យ​រីក​ចម្រើនទាំង​ក្នុង និង​ក្រៅ​ប្រទេស ហើយ​ជា​​​ពិសេស​ជួយ​ដល់​ជីវភាព​កីឡាករ កីឡាការិនី​ឲ្យ​មាន​ជីវភាព​ធូរ​ធារ។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា នេះ​ជា​ព្រឹត្តិការណ៍​ប្រកួត​ធំ ដូច្នេះ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ត្រូវ​យក​ចិត្ត​ទុក និង​ប្រកាន់​ភ្ជាប់​តួនាទី ភារកិច្ច​របស់​ខ្លួន​ឲ្យ​​បាន​ត្រឹម​ត្រូវ។ ជា​ពិសេស​ចៅ​ក្រម អាជ្ញា​កណ្តាល គណៈកម្មការ​រៀបចំ​ការ​ប្រកួត និង​គ្រូ​ពេទ្យ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវគោលការណ៍​យុត្តិធម៌ មិន​លំអៀង សុក្រឹត ប្រកប​ដោយ​វិជ្ជាជីវៈ​ដើម្បី​មុខ​មាត់​គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ។

តាម​រូបមន្ត​នៃ​ការ​ប្រកួត បេក្ខភាព​ដណ្តើម​រថយន្ត​ទាំង ​៤​រូប​ត្រូវ​​ប្រកួត​ជា​មួយ​ដៃ​គូ​បរទេស​នៅ​ជុំ​ទី​១។ កីឡាករគុន​ខ្មែរ​ ២​រូប​​ដែល​​ធ្វើ​បាន​លទ្ធផល​ល្អ​ជាង​គេ​​ និង​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ពី​មហា​ជន​ត្រូវ​​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​អ្នក​ឈ្នះ​នឹង​ក្លាយ​ជា​ម្ចាស់​រថយន្ត។

ជុំ​វិញ​ការ​ប្រកួត​នេះ​ដែរ ខ្លា​ចាស់​ខ្សែ​ក្រវាត់​៧​គ្រឿង និង​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​កាល​ពី​ឆ្នាំ​២០២១ យ៉េន ឌីណា បាន​លើក​ឡើង​ថា បេក្ខភាព​៣​នាក់​ផ្សេង​ទៀត​សុទ្ធ​តែ​លំដាប់​កំពូល ដូច្នេះ​ជា​ការ​លំបាក​ខ្លាំង​ដើម្បី​ទទួល​បាន​រង្វាន់​រថយន្ត។
កីឡាករ​បាន​និយាយ​ថា៖ «ផល សោភ័ណ្ឌ មាន​បច្ចេកទេស​ចេញ​-ចូល​រហ័ស​លឿន។ លន បញ្ញា មាន​កម្លាំង​ស៊ុហ្វ​ល្អ​ដែល​អាច​ចេញ​អាវុធ​គ្រប់​ពេល​វេលា ហើយ​​​ មឿន សុខហ៊ុច ល្អ​ទាត់​ អាវុធ​ធ្ងន់»។

ចំណែក ផល សោភ័ណ្ឌ ក៏​បាន​លើក​ឡើង​មិន​ខុស​ពី​ យ៉េន ឌីណា ដែរ​ដោយ​បាន​ចាត់​ទុកបេក្ខភាព៣ផ្សេង​ទៀត​សុទ្ធ​តែ​ខ្លាំង​ទាំង​អស់។ ​បេក្ខភាព​ដែល​មិន​ខ្លួន​ចាប់​អារម្មណ៍​ជាង​គេ​គឺ​កីឡាករ យ៉េន ឌីណា ដែល​ពូកែ​កាត់​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​អ្វី​ដែល​ខ្លួន​គិត​ជាបឋម​គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​យក​ឈ្នះ​ដៃ​គូ​បរទេស​ឲ្យ​បាន​សម្រេច​នៅ​ជុំ​ទី១​ជា​មុន​សិន។

នេះ​ជា​លើក​ទី៣​ហើយ​ដែល​ប៊ូសស្ត្រ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ផ្តល់​រង្វាន់​រថយន្ត បន្ទាប់​ពី ពេជ្រ សម្បត្តិ និង ឃីម បូរ៉ា បាន​ឈ្នះ​រង្វាន់​ម្នាក់​១​គ្រឿង​ហើយ៕

អត្ថបទពី៖ KPT សម្រួលដោយ៖ Hati

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia