Connect with us

កីឡា

ខាន់ ចេសា ចង់ក្លាយជាអ្នកកីឡាកម្ពុជាទី១ឈ្នះខ្សែក្រវាត់ONE

កីឡាការិនី​ជឺជីតស៊ូ​ជម្រើស​ជាតិ​កម្ពុជា ខាន់ ចេសា នឹង​ប្រកួត​ជា​មួយ​កីឡាការិនី​អាមេរិក Danielle Kelly នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ប្រទេស​សិង្ហបុរី

កីឡាការិនី​ជឺជីតស៊ូ​ជម្រើស​ជាតិ​កម្ពុជា ខាន់ ចេសា នឹង​ប្រកួត​ជា​មួយ​កីឡាការិនី​អាមេរិក Danielle Kelly នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ប្រទេស​សិង្ហបុរី ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​​​ជំនាញ​ឃ្លេ​ពិភព​លោក​នៅ​សង្វៀន ONE Championship។

សម្រាប់​ការ​ប្រកួត​នេះ​វីរកីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា ខាន់ ចេសា បាន​ចាត់​ទុក​ជា​ការ​ប្រកួត​ដ៏​សំខាន់​មួយ​ក្នុង​អាជីព​កីឡា​ជឺជីតស៊ូ​របស់​នាង និង​ចង់​ក្លាយ​ជា​អត្តពលិក​កម្ពុជា​ទី​១​ដែល​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ជំនាញឃ្លេ​ពិភព​លោក​នៅ​សង្វៀន​ធំ​មួយ​នេះ។

លោក Peter Khan ជន​ជាតិ​ខ្មែរ​ដែល​ជា​ឪពុក​របស់​ ខាន់ ចេសា បាន​ប្រាប់​ថា ៖«កូន​ស្រី​របស់​ខ្ញុំ​ពិត​ជា​រំភើប​រីក​រាយ​ខ្លាំង​​ដែល​ទទួល​បាន​ឱកាស​ប្រកួត​លើក​ទី១​ក្នុង​ការ​ដណ្តើម​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក​នេះ។ កូន​ខ្ញុំ​ពិត​ជា​ចង់​ឈ្នះ​ខ្សែ​ក្រវាត់ និង​ចង់​ក្លាយ​ជា​អត្តពលិក​ខ្មែរ​ទី១​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​ ONE»។

លោក​បាន​បញ្ជាក់​ថា រហូត​ដល់​ពេល ខាន់ ចេសា ​ត្រៀម​ខ្លួន​បាន​ល្អ​ណាស់ ហើយ​ការ​ត្រៀម​ខ្លួន​នេះ​ក៏​មិន​មែន​សម្រាប់​តែ​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នេះ​ឡើយ ប៉ុន្តែ​ក៏​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ចូល​រួម​ប្រកួត​កីឡា​ទ្វីប​អាស៊ី Asian Games នៅ​ប្រទេស​ចិន។

នៅ​ពេល​សួរ​ថា តើ​លោកយល់​ឃើញ​យ៉ាង​ណា​កីឡាការិនី​​អាមេរិក Kelly ដែល​ធ្លាប់ចាញ់​ពិន្ទុ​ ខាន់ ចេសា ម្តង​កាល​ពី​ឆ្នាំ​២០២១? លោក​បាន​ឆ្លើយ​ខ្លី​ថា ៖«គាត់​ជា​កីឡាការិនីមិន​ចេះ​បង់​បោល​ ហើយ​ជាកីឡាការិនីជំនាញឃ្លេ​ដ៏​ល្អ​ម្នាក់»។

Danielle Kelly ដែល​ជាកីឡាការិនីឃ្លេ និងជឺជីតស៊ូ​បាន​ចាប់​ផ្តើម​ប្រកួត​តាំងពីឆ្នាំ ២០១៤ ដោយ​រហូត​ដល់​ពេល​នេះ​ធ្លាប់​ប្រកួត២៩លើក ក្នុង​នោះ​ឈ្នះ ១៩ លើកចាញ់ ៩ និង​ស្មើ​ ១លើក។

បច្ចុប្បន្ន កីឡាការិនី​អាមេរិក​រូប​នេះ​កំពុង​ហ្វឹក​ហាត់​នៅ​​ក្លិប​ល្បី​ឈ្មោះ​របស់​ប្រទេស​​​សិង្ហបុរី Evolve MMA។ នាង​​បាន​ចុះ​កុងត្រា​ចូល​សង្វៀន​ ONE Championship កាល​ពី​ឆ្នាំ​២០២២ ជា​ពេល​​កីឡាការិនី​កម្ពុជា ខាន់ ចេសា បាន​ចុះ​កុងត្រា​ដែរ។

Kelly ធ្លាប់​បាន​ប្រកួត​នៅ​សង្វៀន ONE ៣​ដង​ហើយ​គឺ​​លើក​ទី១​បាន​ស្មើ​ពិន្ទុ​កីឡាករ​ជប៉ុន Mei Yamaguchi, លើក​ទី២​​​ឈ្នះកីឡាការិនី​រុស្ស៊ី Mariia Molchanova និង​លើក​ទី​៣​បាន​យក​ឈ្នះ​កីឡាករ​ជប៉ុន Ayaka Miura។ ស្រប​ពេល​​ ខាន់ ចេសា មិន​ទាន់​ធ្លាប់​បាន​ប្រកួត​នៅ ONE ទេ ប៉ុន្តែ​ធ្លាប់បាន​ឈ្នះ​ពិន្ទុ​​ Kelly ​ក្នុង​កម្មវិធី Who’s Number One (WNO) ​កាល​ពី​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២១៕

ប្រភពពី៖ KPT

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia