Connect with us

FOOTBALL

U23 កម្ពុជា ប៉ះ ព្រុយណេ ម៉ោង៤រសៀលនេះជើងឯក AFF Championship2023

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ (U23) នឹង​ប្រកួត​ជា​មួយ​ ព្រុយណេ វគ្គ​សន្សំ​ពិន្ទុ ក្នុង​ពូល ជើងឯក​យុវជន​​អាស៊ាន​អាយុ​ក្រោម​២៣​ឆ្នាំ AFF U-23 Championship

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ (U23) នឹង​ប្រកួត​ជា​មួយ​ ព្រុយណេ វគ្គ​សន្សំ​ពិន្ទុ ក្នុង​ពូល ជើងឯក​យុវជន​​អាស៊ាន​អាយុ​ក្រោម​២៣​ឆ្នាំ AFF U-23 Championship វេលា​ម៉ោង​៤​រសៀល ​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​សីហា ឆ្នាំ​២០២៣ នៅ​ប្រទេស​ថៃ ផ្សាយបន្ត​ផ្ទាល់​ដោយ BTV News

ក្រុម U23 កម្ពុជា​ ស្ថិត​នៅ​ពូល A ជា​មួយ​ក្រុម​ខ្លាំង ថៃ មីយ៉ាន់ម៉ា និង​ព្រុយណេ។ នេះ​ជា​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​លើក​ទី​១ ខណៈ​ក្រុម​ម្ចាស់​ផ្ទះ​ថៃ ប្រកួត​ជា​មួយ មីយ៉ាន់ម៉ា វេលា​ម៉ផង​៨​យប់​​ថ្ងៃ​ដដែល​នេះ។

ជុំ​ការ​ប្រកួត​នេះ លោក Felix Dalmas គ្រូ​បង្វឹក​ក្រុម​កម្ពុជា​បាន​និយាយ​ថា៖ «យើងមានការលំបាក​ខ្លះ​ៗ ក្នុង​ការ​ប្រមូល​ផ្តុំ​កីឡាករ ពី​ព្រោះ​ពាន​រង្វាន់​នេះ​មិន​ស្ថិត​ក្នុង​ថ្ងៃ FIFA Day ដូច្នេះ​កីឡាករ​សំខាន់​ៗ​មួយចំនួនមិន​បាន​មក​ជា​មួយ​ពួក​យើង​ទេ។ យើង​មាន​កីឡាករ​ថ្មីមួយ​ចំនួន​សម្រាប់​ការ​ប្រកួត​ថ្ងៃ​នេះ»។

ក្រុម U23 ព្រុយ​ណេ មិនសូវ​បាន​​ចេញ​ប្រកួត​លក្ខណៈ​អន្តរជាតិ​រយៈ​ពេល​ជិត​២​ឆ្នាំចុង​ក្រោយ​គិតចាប់តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ ក្នុង​ពាន​រង្វាន់​ AFF U-23 Championship នៅ​ប្រទេស​កម្ពុជា។ ជា​ពិសេស​ បាល់ទាត់​ព្រុយណេ​មិន​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ពីរ​លើក​ចុង​ក្រោយ​។ កាល​ពី​ថ្ងៃ​ទី១២ ខែ​សីហា​នេះ ព្រុយណេ បាន​ប្រកួត​ចាញ់ ឡាវ ២-០ ក្នុង​ជំនួប​មិត្តភាព​នៅ​ទឹក​ដី​ឡាវ។

U23 កម្ពុជា និង​ព្រុយណេ ធ្លាប់​មាន​ប្រវត្តិ​ជួប​គ្នា៣​ដង​គឺ កម្ពុជាឈ្នះ​២ដង និង​ស្មើ​គ្នា១​ដង។ ក្នុង​ពាន​រង្វាន់ AFF U-23 កាលពី​ឆ្នាំ​២០២២ កម្ពុជា​បាន​ឈ្នះ​ព្រុយណេ ៦-០ ដែល​​គ្រាប់​បាល់​រក​បាន​ដោយ​ ​កីឡាករ សៀង ចន្ធា, ញាណ​ សុស៊ីដាន, សា ទី,តាំង ប៊ុនឆៃ, ស រតនា និង ណារ៉ុង កក្ដដា។

២​លើក​ផ្សេង​ទៀត​ជួប​គ្នា​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម គឺ​នៅ​ឆ្នាំ ១៩៩៧ កម្ពុជា​បាន​ឈ្នះ​ព្រុយណេ ៤-០ និង​ឆ្នាំ​​១៩៩៩​ជា​ពេល​ដែល​ព្រុយណេ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​លើកដំបូង​គឺ​ស្មើគ្នា ៣-៣។

ដោយឡែក ពូល B មានឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងទីម័រខាងកើត ខណៈពូល C មានវៀតណាម ហ្វីលីពីន និងឡាវ ដែល​ចាប់​ប្រកួត​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២៣៕

អត្ថបទពី៖ KPT
កែសម្រួលដោយ៖ Ha Ti

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia