ភាពយន្ដ
ពិតជាលះបង់ខ្លាំង! ម៉ឺន ឯកសុភារិទ្ធ របួសមុខពេលថតប្លង់ផ្ទុះគ្រាប់បែកក្នុងរឿងសម័យប៉ុលពត
តារាសម្ដែងល្បីឈ្មោះ លោក ម៉ឺន ឯកសុភារិទ្ធ បានកំពុងចេញថតខ្សែរឿងជីវិតថ្មីឱ្យផលិតកម្មសាស្ត្រា (Sastra Film) ដែលមានចំណងជើងថា «កាំជណ្ដើរទី៣» ស្ថិតក្នុងសម័យកាលមួយដ៏សាហាវយង់ខ្នងនៃរបបប៉ុលពត គុកឥតជញ្ជាំង(៣ឆ្នាំ ៨ខែ ២០ថ្ងៃ)។ ខណៈថតប្លង់រត់កាត់គ្រាប់បែក លោកត្រូវសម្ដែងរត់ជួយសង្គ្រោះ និងរត់ឱបកូនគេចគ្រាប់បែក តែភ្លាមៗក៏ត្រូវភ្លាត់ស្នៀត រហូតដល់លោករបួសមុខឃើញស្នាមមួយចំហៀងមុខ។
តាមការបញ្ជាក់ប្រាប់ពីលោក ម៉ឺន ឯកសុភារិទ្ធ ប្រាប់សារព័ត៌មានសិល្បៈញូស៍(Selapak News) បានឱ្យដឹងថា« របួសមុខនេះ គឺកើតឡើងនៅពេលដែលថតប្លង់ផ្ទុះគ្រាប់បែក ហើយខ្ញុំត្រូវបីកូនរបស់តួស្រី រត់កាត់គ្រាប់បែក។ ប៉ុន្ដែរបួសនេះមិនមែនដោយសារខុសបច្ចេកទេសនៃការបំផ្ទុះគ្រាប់បែកនោះទេ តែដោយសារភ្លាត់ស្នៀតត្រូវក្រចកដៃតួកូនស្រីឆូតលើមុខមួយឆ្នូតវែង»។ លោកបានបន្ដថា «បន្ទាប់ពីកើតហេតុនោះហើយ ខ្ញុំបានទៅរកពេទ្យដើម្បីលាងរបួសស្នាម និងពិគ្រោះជាមួយគ្រូពេទ្យថា ស្នាមរបួសនេះអាចព្យាបាលជាសះស្បើយឆាប់ដែរទេ ព្រោះខ្ញុំចង់ប្រញាប់មកថតរឿងបន្តទៀត»។
បើតាមការអះអាងរបស់លោក ម៉ឺន ឯកសុភារិទ្ធ ក៏បានឱ្យដឹងបន្ថែមថា ទោះបីជាលោកត្រូវរបួសស្នាមមុខក៏ដោយ ក៏ប៉ុន្ដែលោកនៅតែបន្ដថតរឿងមួយនេះដល់ចប់ផងដែរ។ នេះអាចបង្ហាញឱ្យឃើញពីការតស៊ូ និងការលះបង់របស់តារាសម្ដែងប្រុសរូបនេះ ចំពោះការសម្ដែងភាពយន្ដខ្មែរមួយនេះ។ លោក ម៉ឺន ឯកសុភារិទ្ធ បានបន្ដប្រាប់ថា «ក្រោយកើតហេតុការណ៍ភ្លាមៗនេះ ក្រុមការងាររបស់ផលិតកម្មសាស្ត្រា(Sastra Film) បានយកចិត្តទុកដាក់ និងព្រួយបារម្ភចំពោះរូបខ្ញុំខ្លាំងមែនទែន។ មានអ្នកខ្លះរត់ទៅទិញថ្នាំលាងរបួស រត់ទៅរកសំឡីជូតមុខរបួស ទាំងមិនខ្វល់ពីភាពនឿយហត់របស់ខ្លួនឯងឡើយ។ ហើយក៏មានអ្នកខ្លះប្រាប់ពីវិធី និងឈ្មោះថ្នាំព្យាបាលកុំឱ្យមានស្នាមសន្លាកលើផ្ទៃមុខទៀតផង»។ លោកនិយាយទៀតថា រឿងនេះគឺលោកពិបាកសម្ដែងសម្រាប់ទៅហើយ ជាពិសេសក៏មានប្លង់ខ្លះត្រូវលះបង់ខ្លាំងផងដែរ ក៏ប៉ុន្ដែលោករំពឹងទុកថា តាមរយៈខ្សែភាពយន្ដរឿង«កាំជណ្ដើរទី៣»នេះ នឹងធ្វើឱ្យហ្វេនៗ ក៏ដូចជាមហាជនទាំងអស់ បានទស្សនានិងជ្រាបកាន់តែច្បាស់ពីជ្រុងមួយទៀតនៃសម័យកាលមួយដ៏សាហាវយង់ខ្នងនៃរបបប៉ុលពត គុកឥតជញ្ជាំង ថាតើលំបាកកម្រិតណា? គ្មានការហូបចុកសុខស្រួល និងមិនបានសម្រាកគ្រប់គ្រាន់ទេ។
សូមជម្រាបផងដែរថា រឿង«កាំជណ្ដើរទី៣»នេះ ត្រូវបានផលិតឡើងដោយផលិតកម្ម (Sastra Film) មានការចូលរួមពីសំណាក់តារាសម្តែងល្បីឈ្មោះបីរូប គឺកញ្ញា នី មុនីនាថ លោក អ៊ុន សិទ្ធា និងលោក ម៉ឺន ឯកសុភារិទ្ធ ដែលមានការផ្តួចផ្តើមគំនិត និងទីប្រឹក្សាផលិតពីព្រឹទ្ធាចារ្យខាងភាពយន្ត មានឈ្មោះល្បីល្បាញមួយរូប និងមានការចូលរួមគ្រប់គ្រងប្លង់ថតអ្នកជំនាញជើងចាស់លោក សុខ សំអាត។ រឿងនេះត្រូវបានរំពឹងទុកថា នឹងក្លាយជាភាពយន្ដដ៏ល្បីកក្រើក បន្ទាប់ពីការចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍បាយ័ន នៅដើមខែមករា ឆ្នាំ ២០២១ ដោយមានការ Live លើ Facebook និង Youtube Sastra Film ផងដែរ៕
អត្ថបទ៖ វិសិដ្ឋ អេបិល
ប្រភពពី៖ The Selapak News
-
Boxing Bayontv5 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
ព័ត៌មាន5 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
PR NEWS1 week ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន5 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន5 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ
-
ព័ត៌មាន2 days ago
កម្ពុជាបានទាក់ទាញរោងចក្របង្កើតថ្មីចំនួន ៥៥ ក្នុងត្រីមាសទី១ កើនឡើង២៥ភាគរយ