ព័ត៌មាន
សម្តេចតេជោ ផ្តល់គន្លឹះសំខាន់ៗ ៣ ចំណុច ដើម្បីស្វែងរកសន្តិភាពបានជោគជ័យ នៅមីយ៉ាន់ម៉ា
នៅចំពោះមុខប្រមុខការពារជាតិអាមេរិក ចិន អាស៊ាន និងប្រទេសពាក់ព័ន្ធផ្សេងទៀត សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន បានអះអាងថា បច្ចុប្បន្ននេះ មីយ៉ាន់ម៉ាកំពុងរំកិលទៅរកសង្រ្គាមស៊ីវិលហើយ។
នៅចំពោះមុខប្រមុខការពារជាតិអាមេរិក ចិន អាស៊ាន និងប្រទេសពាក់ព័ន្ធផ្សេងទៀត សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ាន បានអះអាងថា បច្ចុប្បន្ននេះ មីយ៉ាន់ម៉ាកំពុងរំកិលទៅរកសង្រ្គាមស៊ីវិលហើយ។ សម្តេចតេជោ បានអះអាងបែបនេះ
គឺនៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ នៅសណ្ឋាគារ សុខា ខេត្តសៀមរាប នៅព្រឹកថ្ងៃពុធនេះ។ ចំពោះបញ្ហានេះ សម្តេចប្រធានអាស៊ាន បានផ្តល់គន្លឹះ ៣ ចំណុច ដើម្បី ស្វែងរកសន្តិភាពបានជោគជ័យនៅក្នុងប្រទេស នេះ។
គន្លឹះសំខាន់ៗទាំង ៣ ចំណុចដែលសម្តេចនាយករដ្ឋមន្រ្តីលើកឡើងនេះ គឺទី១. ប្រទេសកំពុងមានសង្រ្គាមស៊ីវិល ត្រូវ តែរក្សាទ្វារឲ្យបើកចំហរជានិច្ចសម្រាប់កិច្ចពិភាក្សានយោបាយ និងការចរចាប្រកបដោយបរិយាបន្ន។ ចំណែក ទី២. គឺត្រូវធានានូវសុវត្ថិភាព យុត្តិធម៌ និងសុខុលមាលភាពរបស់គ្រប់ភាគីទាំងអស់ និងទី៣. គឺត្រូវមានភាពម្ចាស់ការ ខណៈ ដែលកំពុងទទួលខុសត្រូវលើដំណើរការសន្តិភាព។ សម្រាប់សម្តេចប្រធានអាស៊ាន ភាពជាម្ចាស់នៃប្រទេសជាតិនេះ គឺជា ពិតជាសំខាន់ខ្លាំងណាស់ចំពោះការចរចាសន្តិភាព។
ការផ្តល់ជាគន្លឹះសំខាន់ៗរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជានៅពេលនេះ គឺធ្វើឡើងស្របពេលដែលបញ្ហាជម្លោះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានអូសបន្លាយជិត២ឆ្នាំមកហើយក្រោយរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី និងរដ្ឋា ភិបាលរបស់លោកស្រីកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១។
ជិត២ឆ្នាំមកនេះ មីយ៉ាន់ម៉ា បានពើបប្រទះនឹងអំពើហិង្សា ជាបន្តបន្ទាប់ ដោយបានសម្លាប់ជីវិតមនុស្សអស់រាប់ពាន់នាក់ ប៉ុន្តែ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ថ្មីៗនេះ រដ្ឋាភិបាល យោធាមីយ៉ាន់ម៉ា បានធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលឡើង ដោយបាន សម្រេចដោះលែងអ្នកទោសប្រមាណជិត៦ពាន់នាក់ ក្នុងនោះ ក៏មានជនបរទេសមួយចំនួនផងដែរ។
ការដោះលែងនេះធ្វើឡើង ក្រោយពីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនី ហ្គូតេរ៉េស កាលពីថ្ងៃទី១១ ខែវិច្ឆិកា បានអំពាវនាវឲ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោស ហើយវិលទៅរកផ្លូវប្រជាធិបតេយ្យឡើង វិញ។ លោក អាន់តូនី ហ្គូតេរ៉េស បានអំពាវនាវយ៉ាងនេះក្នុងពេលដែលលោកបានមកចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អង្គការសហប្រជាជាតិ នៅក្នុងរាជធានីភ្នំពេញ។
អ្វីជាកត់កត់សម្គាល់បន្ថែមទៀតនោះ គឺឥរិយាបថទន់ភ្លន់របស់មីយ៉ាន់ម៉ានេះ ក៏កើតឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានអាស៊ាន បានបង្ហាញជំហរនៅរារែកនៅឡើយក្នុងការគួរបញ្ជូនលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស កម្ពុជា និងជាប្រេសិតពិសេសរបស់អាស៊ានទៅមីយ៉ាន់ម៉ាជាលើកទី៣ ឫយ៉ាងណា មុនកម្ពុជាចប់អាណត្តិជាប្រធាន ផ្លាស់វេនអាស៊ាន។ សម្តេចតេជោ បានគូសបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា ការបញ្ជូនលោក ប្រាក់ សុខុន ទៅ មីយ៉ាន់ម៉ា គឺកំពុងស្ថិតនៅក្នុងការពិចារណា ដោយរង់ចាំមើលប្រតិកម្មពីខាងរដ្ឋាភិបាលក្រុងណៃពិដោរជាមុនសិន មុននឹងធ្វើការសម្រេចចិត្ត។
យ៉ាងណាក៏ដោយ បន្ទាប់ពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោសយ៉ាងច្រើននេះ គឺនៅមិនទាន់មានព័ត៌មាន ច្បាស់ការណ៍ណាមួយនៅឡើយទេ ថា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញទៅកាន់ប្រទេសមីយ៉ាន់ម៉ាជា លើកទី៣នាពេលខាងមុខ ឬក៏អត់នោះ។ ប៉ុន្តែ កម្ពុជា នៅសល់ពេលជាង១ខែទៀតសម្រាប់ធ្វើកិច្ចការទាំងអស់នេះ មុនអស់ភារកិច្ចត្រឹមឆ្នាំ២០២៣៕
អត្ថបទពី៖ KPT
-
Boxing Bayontv2 days ago
គាំទ្រតន្រ្តី គាំទ្រប្រដាល់គុនខ្មែរចូលរួមលើកស្ទួចប្រដាល់គុនខ្មែរឡើងដល់កម្រឹតពិភពលោក!
-
PR NEWS5 days ago
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដៃគូសហការក្លិបព្រះខ័នរាជស្វាយរៀង ឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារចំពោះជ័យជម្នះព្រះខ័នរាជស្វាយរៀងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន
-
ព័ត៌មាន2 days ago
គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើឲ្យកម្ពុជាចំណេញថ្លៃដឹកជញ្ជូនពី ២០០ ទៅ ៣០០ ដុល្លារ
-
ព័ត៌មាន2 days ago
បេក្ខជនបន្តប្រឡងប្រជែង ក្លាយជាគ្រូអនុវិទ្យាល័យនៅមណ្ឌលពីរផ្សេងគ្នាថ្ងៃទី២ នេះ
-
ព័ត៌មាន2 days ago
ប្រមុខរាជរដ្ឋាភិបាល៖ សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន និងមានភាពល្អប្រសើរ